សត្វព្រៃគ្រប់ប្រភេទមិនគួររក្សាទុកនៅក្នុងសួនសត្វ | Khmer

នៅក្នុងថ្នាក់ខ្មែរជុំនឹង យើងបានសិក្សាអំពីការសរសេរការតែងសេក្ដីបែបពិភាក្សា ។ ខ្ញុំបានគិតថានេះជាគឺឱកាសមួយដែលល្អដើម្បីឱ្យខ្ញុំបានបញ្ជេញមតិនាងខ្ញុំទៅលើការទុកសត្វព្រៃនៅក្នុងសួនសត្វ ។ 

សូមរីករាយអានដូចតទៅ៖ 

សត្វព្រៃគ្រប់ប្រភេទមិនគួររក្សាទុកនៅក្នុងសួនសត្វ

ដោយ តាំង វួចនា

តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកត្រូវបានគេចាក់សោរនៅក្នុងទ្រុងអស់មួយជីវិតរបស់អ្នក?

សត្វព្រៃគឺជាប្រភេទសត្វដែលរស់នៅក្នុងព្រៃដាច់សង្វែងពីទីក្រុង ហើយពួកគេក៏មិនគួររស់នៅក្នុងកន្លែង ដែលមានទ្រុង និងរបងឃាំងឃាត់សេរីភាពរបស់ពួកគេ។​ ប៉ុន្តែសព្វថ្ងៃនេះ សត្វទាំងនោះត្រូវបានពាំងទុកនៅក្នុង សួនសត្វដើម្បីទុកជាការកម្សាន្ដសម្រាប់មនុស្សយើង ។ ហេតុដូច្នេះហើយ​ទើបមានមតិមួយលើកឡើងថា “សត្វព្រៃគ្រប់ប្រភេទមិនគួររក្សាទុកនៅក្នុងសួនសត្វ” ។ 

តើមតិនេះត្រឹមត្រូវ ដែរឬទេ?

ដើម្បីពិភាក្សាលើប្រធានបទនេះ ឳ្យបានសុីជម្រៅនិងច្បាស់លាស់យើងគួរយល់ពាក្យគន្លឹះ “សត្វព្រៃ និងសួនសត្វ”​ សិន ។ ពាក្យថា “សត្វព្រៃ”​ មានន័យថា សត្វដែររស់នៅក្នុងព្រៃដោយមិនពឹងផ្អែកទៅ លើការចិញ្ជឹមពីមនុស្ស ។ ពួកគេស្វែងរកចំណីអាហារ និងទីជម្រកខ្លួនឯងនៅក្នុងព្រៃព្រឹក្សា ។ ចំណែកឯពាក្យ “សួនសត្វ”​ មានន័យថា​ជាកន្លែងដែលសត្វព្រៃត្រូវ បានរក្សាទុកជាពិសេសសម្រាប់ការតាំងពិព័រណ៍ជាសាធារណៈ ។ សរុបមក មតិប្រធានខាងលើមានន័យថា សត្វដែលរស់នៅក្នុងព្រៃមិនគួរឡើយណា រក្សាទុកក្នុងសួនសត្វដើម្បីជា ការកម្សាន្ដ និងតាំងពិព័រណ៍សាធារណៈនោះទេ ។ 

ពិតមែនហើយសត្វព្រៃមិនគួររក្សាទុកនៅក្នុងសួនសត្វពីព្រោះសួនសត្វមិនផ្តល់ជម្រកធម្មជាតិ ។ ជាក់ស្ដែងពេលខ្លះពេលដែលសត្វទាំងនោះត្រូវបានជាប់នៅក្នុងទ្រុង ពួកគេមិនមានសេរីភាពគ្រប់គ្រាន់ ដែលជាហេតុបណ្ដាលឳ្យសត្វទាំងនោះជួបជំងឺបាក់ទឹកចិត្តពេញមួយជីវិត  ឬពួកគេអាចបង្ហាញអាកប្បកិរិយា កាចសហាវដែលអាចបង្កភាពគ្រោះថ្នាក់នៅក្នុងសួននោះ ។​ មិនត្រឹមតែបុ៉ណ្ណោះនៅក្នុងសួនសត្វ មួយចំនួន គេបានយកសត្វដែលនៅក្មេងខ្ចីដើម្បីយកមកបង្ហាត់សៀករហាសកម្ម ឬក៏ហ្វឹកហ្វាត់ការសម្ដែង គ្រប់ប្រភេទ ។ ការយកសត្វទាំងនៅក្មេងបែបនេះ ជាអំពើដែលប្រឆាំងនឹងសិទ្ធរស់នៅរបស់ពួកគេ ព្រោះពួកគេត្រូវពង្រាត់ចេញពី ឳពុកម្ដាយរបស់ពួកគេ ។ ការពង្រាត់បែបនេះ អាចធ្វើឳ្យសត្វទាំងនោះមានអារម្មណ៍ឯកា រហូតដល់ទៅពេលខ្លះពួកគេមិនព្រម ធ្វើតាមការបញ្ជារបស់បុគ្គលិកសួនសត្វ ។ ជាហេតុនេះហើយ ពួកគេអាចប្រឈមនិងការវាយ ឬអំពើហិង្សាគ្រប់ប្រភេទ ។ សរុបមកឃើញថា សត្វព្រៃគ្រប់ប្រភេទមិនគួរត្រូវរក្សាទុកនៅក្នុងសួនសត្វ ព្រោះសួនសត្វប្រើប្រាស់ សត្វទាំងនោះ សម្រាប់ការកម្សាន្តដែលប្រឆាំងនឹងសិទ្ធរស់នៅរបស់ពួកគេ ហើយ​សត្វទាំងនោះអាចជួបអំពើហិង្សា ឬអំពើជួញដូរគ្រប់ប្រភេទ ។

តើការរក្សាទុកសត្វព្រៃនៅក្នុងសួនសត្វពិតជាអំពើមួយដែលមិនសមស្របមែនឬទេ?

មានមតិមួយចំនួនបានអះអាងថា សួនសត្វជាកន្លែងមួយដល់ល្អដែលជួយអភិរក្ស និងសង្គ្រោះសត្វព្រៃ ពីការផុតពូជ ។​ ជាពិតប្រាកដណាស់យោងតាមឯកសារមួយដែលចុះផ្សាយ ចេញពីប្រទេសអូស្រ្ដាលី បានបង្ហាញថា សត្វព្រៃជាច្រើនដែលសឹងតែផុតពូជទៅហើយនោះ បានសង្រ្គោះដោយសួនសត្វ ។ សត្វទាំងនោះមានដូចជា សត្វក្ដាន់អារ៉ាប៊ីន សត្វស្លាបមួយប្រភេទឈ្មោះថា កាលីហ្វ័រញ៉ាខនដ័រ ប្រភេទសត្វខ្លារខិនដែលឈ្មោះថា អាមូរ និងសត្វព្រៃជាច្រើនទៀតដែលស្ទើរតែមិនមានឳកាសក្នុងការរស់នៅបន្ដ ។ ជាបទពិសោធន៍ផ្ទាល់នៅសួនសត្វតាម៉ៅគេក៏បានជួយសង្គ្រោះ​ និង​ថែរក្សាសត្វព្រៃជាច្រើនឳ្យផុត ពីអំពើជួញដូរ ឬការបរបាញ់ប្រមាញ់គ្រប់ប្រភេទ ។ សួនសត្វអាចឳ្យយើងជួប និងសិក្សាអំពីសត្វព្រៃគ្រប់ប្រភេទ ដោយមិនបាច់ចូលក្នុងព្រៃជួបដែរយើងអាចជួបគ្រោះថ្នាក់ផ្សេងៗ ។ 

សរុបមកឃើញថា សួនសត្វមិនមែនអាក្រក់ទាំងមូលនោះទេ ពេលខ្លះកន្លែងនេះជាកន្លែងមួយដែលជួយ សង្គ្រោះសត្វដែលជិតផុតពូជ ឬសត្វដែលកំពុងតែជួបបញ្ហាគ្រោះថ្នាក់ក្នុងព្រៃ ។

ជារួម មតិទាំងពីរសុទ្ធតែមានហេតុផលសមស្របម្យ៉ាងម្នាក់ យើងមិនអាចកាត់ក្ដីថាមតិមួយណាត្រឹមត្រូវល្អបំផុតនោះទេ ។ ប៉ុន្តែទោះជាមានអំណះអំណាងរៀងៗខ្លួន យ៉ាងណាក៏ដោយ យើងអាចសនិ្នដ្ឋានបានថាមតិទីមួយត្រឹមត្រូវជាង ពីព្រោះការផ្ដល់សេរីភាពឳ្យសត្វព្រៃទាំងអស់រស់នៅកន្លែងដែលពួកគេគួររស់នៅ ជាអំពើដែល ល្អ ។​ សត្វទាំងនោះអាចរស់នៅ ដោយមានសុភមង្គលជាមួយគ្រួសារ និងរស់នៅកន្លែងដែលជាជម្រកកក់ក្ដៅរបស់ពួកគេ ។ 

ឆ្លងតាមការពិភាក្សាខាងលើយ៉ាងល្អិតល្អន់រួចមកហើយ យើងអាចវាយតម្លៃថាមតិប្រធានពុំទាន់គ្រប់ ជ្រុងជ្រោយទាំងអស់នៅឡើយទេ ព្រោះសួនសត្វមានទាំងផលវិជ្ជមាន និងផលអវិជ្ជមាន ។ ក្នុងនាមយើងជាទំពាំងស្នងឫស្សីគួរតែគិតពិចារណាទៅថ្ងៃមុខទៀតថាសត្វព្រៃគឺបេះដូងនៃភពផែនដី យើងគួរគប្បីមិនប្រព្រឹត្តអំពើ ដែលមិនសមស្របទៅលើពួកគេ ។ ដូចនេះយើងគួរតែឳ្យតម្លៃ​ និងជួយថែរក្សា ពួកគេ ហើយយើងក៏គួរតែគិតជួយកែតម្រូវសួនសត្វ ឳ្យក្លាយទៅជាកន្លែងដែលល្អមួយ សម្រាប់សង្គ្រោះ​ និងសិក្សាអំពីសត្វព្រៃ ។

 

Leave a Reply

Your email address will not be published. Required fields are marked *