ចម៉្បាបាត់ដំបង | Khmer

ក្នុងអំឡុងជុំចុងក្រោយនេះខ្ញុំបានរៀនពីរបៀបសរសេរអត្ថបទដែលពិពណ៌នាហើយគម្រោងចុងក្រោយរបស់ខ្ញុំសម្រាប់ឆ្នាំនេះអំពីថ្នាក់ខ្មែរគឺជារឿងខ្លីនេះដែលខ្ញុំបានសរសេរ៖

ចម្ប៉ាមាសបាត់ដំបង

ខ្យល់បក់ត្រសៀកកៀនត្រចៀក ផ្កាឈូករីកត្រសោល​ដែលគ្របដណ្ដប់ដោយតំណក់ទឹកភ្លៀងនារដូវវស្សា ក៏មិនខុសពីខ្សែជីវិតរបស់នារីម្នាក់ ដែលរស់នៅក្រោមខ្ទមដ៏កម្សត់ ជាប់ជើងភ្នំសំពៅ។  

លោកយាយសារ៉េត៖ «ចៅអើយ​ ធ្វើម្ដេចបើយើងមួយថ្ងៃមាន មួយថ្ងៃអត់ មានអីធ្វើនឹងទៅចៅ ស្អីក៏យាយសុីដែល» ។ លោកយាយសារ៉េត មាន​អាយុ៦០ផ្លាយឆ្នាំហើយ​ គាត់មានសក់ស្កូវ ហើយកោរខ្លី ព្រលឹមមាន់រងាវមិនទាន់គាត់ងើបឡើងទៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីលក់នំអាកោរត្នោត ។ នាងសោភ័ណ ជាចៅរបស់លោកយាយសារ៉េត។ ឆ្នាំនេះនាងចមើ្រនវ័យបាន១៥ឆ្នាំហើយ នាងមានរាងរៀវទន់ភ្លន់ សក់នាងខ្មៅរលើបរួញអង្កាញ់ដូចជា​រលកសមុទ្រ សម្បុរខ្មៅស្រអែម ចរិតសុភាពរាបសារ អ្នកភូមិចូលចិត្តរាប់អាន។​ នាងសោភ័ណញញឹមដ៏ស្រស់ជាមួយថ្ពាល់ខួច និងធ្មេញចំពើសរបស់នាង មកកាន់លោកយាយសារ៉េតហើយវាចាទៅគាត់យ៉ាងល្វាសល្វន់ថា៖​ “មិនអីទេលោកយាយ ចាំចៅទៅស្រែក្រែងបានត្រកួននិងក្រសាំងខ្លះដើម្បីធ្វើប្រហុកអាំងជូន” ។

ព្រលឹមស្រាងៗមិនទាន់ សោភ័ណងើបឡើងរៀបចំនំអាកោរ ហើយដាំបបរជូនលោកយាយ ។ ខណះពេលដែរយាយនិងចៅកំពុងស្រស់ស្រូបបបរ សោភ័ណក៏ក្រោកឡើងតិចៗ ហើយក៏លាលោកយាយដើម្បីធ្វើដំណើរទៅលក់នំអាកោរ​ ។ តាមផ្លូវទៅភ្នំសំពៅ នៅតាមដងវិថីមានភ្លើងចាំងព្រៀកៗទៅដល់កែវភ្នែកក្មេងស្រីជំទង់ ដែលកំពុងតែ អាណិតជីវិតដែលកើតមកលំបាកលំបិន កំព្រាមិនមានឪពុកម្ដាយ ។ ខ្យល់ធ្លាក់រំភើយៗ នៅភ្នំសំពៅមានសម្លេងអ៊ូអរជាធម្មតា តែថ្ងៃនេះសោភ័ណបែរជាមានទឹកមុខ ស្រងេះស្រងោច ។​ “ក្មួយមកអង្គុយត្រង់នេះមកជិតមីង បានគ្នា” មីងចន្រ្ទាហៅសោភ័ណ ដែលកំពុងតែមានទឹកមុខស្រងូតស្រងាត់ នឹកអាសូរអាល័យដល់ជីវិតលំបាកសោកសង្រេង មកអង្គុយជិតក្រែងបានជជែកគ្នាខ្លះ ។ សោភ័ណក៏ញញឹម ហើយដាក់កញ្រ្ចែងនំអាកោររបស់នាង ចុះជិតមីងចន្រ្ទា​ ។ មីងចន្រ្ទាឃើញសោភ័ណមិនសូវសប្បាយចិត្ត ក៏បង្វែរអារម្មណ៍នាងទៅនិយាយអំពី សៀវភៅដែរនាងកំពុងអាន ។​ សោភ័ណជាក្មេងជំទង់ម្នាក់ដែល ចូលចិត្តអានរឿងអក្សរសាស្រ្ដប្រលោមលោកខ្មែរ តែនាងបានរៀនត្រឹមថ្នាក់ទី៧ប៉ុណ្ណោះដោយសារតែកង្វះថវិកា ។ នាងហូតសៀវភៅដែលនាងកំពុងអានឲមីងច​ន្រ្ទាមើល​ «ក្មួយស្គាល់អ៊ំម៉ៅសំណាងដែរ?» មីងចន្រ្ទាសួរទាំងរំភើប ។ «ចាស មីង» ចន្រ្ទាឆ្លើយទាំង អារម្មណ៍អណ្ដែតមិនដឹងទៅដល់ណា​ ។ មីងចន្រ្ទាគិតក្នុងចិត្តថា ក្មេងស្រីម្នាក់នេះប្រាកដជា ទំពាំងស្នងឬស្សីដែលដូនតាចង់បាន ។ សោភ័ណក៏យកម្រាមបន្លាក្រូចរបស់នាងមកបើកសៀវភៅថ្នមៗ ហើយអានសន្សឹមៗបណ្ដែតអារម្មណ៍របស់នាងតាមតួរអង្គ បុស្សីបា ក្នុងរឿងរលកបោកខ្សាច់ ។ តំណក់ទឹកភ្នែករបស់នាងតូច ក៏ហូរចុះមកតាមផែនថ្ពាល់ នាងគិតក្នុងចិត្តថាវាសនាជីវិតនាងក៏មិនខុសពីបុស្សីបាដែលដូចជាខ្សាច់ដែលត្រូវរលកបក់បោក ។ «អត់ទោសនាង» បុរសម្នាក់វ័យជំទង់ ខ្ពស់ល្មម ប្រហែលមានអាយុ​១៦ឆ្នាំ សណ្ហ​វាចាមកកាន់នារីក្រមុំដែលកំពុងចូលតួរតាមដំណើរសេចក្ដីរឿង ។ «ចាស លោកមានការអ្វីដែរ?» សោភ័ណសួរទៅកាន់កំលោះសង្ហាទាំងភ្ញាក់ព្រើត ហើយជូតទឹកភ្នែកនាងយ៉ាងរហ័សប្រញាប់ប្រញាល ។ អ្នកកំលោះនោះក៏លួចសើចតិចៗ ឆ្ងល់ក្នុងចិត្ត ថាហេតុអ្វីបានជា នាងតូចឆោមស្រស់អង្គុយយំសោកបែបនេះ ។ មិនបង្អង់យូរអ្នកកំលោះក៏តបទៅសោភ័ណវិញថា៖ «ខ្ញុំជាអ្នកភ្នំពេញចង់សុំអ្នកនាងនាំខ្ញុំដើរកម្សាន្ដនៅភ្នំសំពៅនេះបន្ដិច ដោយសារខ្ញុំអត់សូវស្គាល់ច្រើនអំពីទីកន្លែងនេះទេ» ។ «មិនអីទេលោកចាំខ្ញុំនែនាំជូន» សោភ័ណឆ្លើយទាំងរស់រាយរាក់ទាក់ជាមួយស្នាមញញឹមដ៏ផូរផង់របស់នាងធ្វើឲអ្នកកំលោះមានអារម្មណ៍អ្វីខុសធម្មតា ។

 នៅលើខ្នងភ្នំសំពៅ អ្នកទាំងពីរជជែកហូរហែរបែកជ្រោះមែកសាខា ។ សោភ័ណក៏មិនភ្លេចកាន់សៀវភៅរបស់នាងមកដែរ ធ្វើឲអ្នកកំលោះដែលជាអ្នកសិក្សានៅវិទ្យាល័យព្រះសុីសុវត្ថិភ្នំពេញងើយឆ្ងល់ក៏ សួរនាង៖ «សោភ័ណរាល់ថ្ងៃទៅរៀនដែរ?» ។ «ចាស នាងខ្ញុំរៀនបានត្រឹមថ្នាក់ទីប្រាំពីរប៉ុណ្ណោះ» សោភ័ណឆ្លើយទាំងអារម្មណ៍ដិតជាប់នឹងសន្លឹកសៀវភៅ ។ «ចុះហេតុអ្វីនាងនៅតែអានសៀវភៅ មិនគិតយកពេលវេលាខ្លះមកគិតគូររកសុីអីទេ?» អ្នកកំលោះសួរទាំងងើយឆ្ងល់ ។ «វិសាលអើយ ធ្វើម្ដេចបើជីវិត​នាងខ្ញុំកើតមកកំព្រាគ្មានឪពុកម្ដាយ រស់ក្រោមខ្ទមកម្សត់ជាមួយជីដូន មានតែពឹងផ្អែកលើចំណេះវិជ្ជាអក្សរសាស្រ្ដខ្មែរ ដូចពាក្យចាស់លោកពោលថា ក្រចុះសម្បត្តិតែកុំឲក្របាត់ចំណេះវិជ្ជា។ នាងខ្ញុំមិនមានចំណេះដឹងអ្វីធំដុំទេ តែនាងខ្ញុំចង់ចូលរួមអភិរក្ស​អក្សរសាស្រ្ដ និង​ភាសា​ខ្មែរ​យើងពី​ការ​វាយ លុក​ដោយ​ ឥទ្ធិពល​បរទេស​និយម ។​ ក្មេងជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីយើងសព្វថ្ងៃ បាន​បាត់បង់​អត្តសញ្ញាណ​ជាតិ​ខ្លួន ខណៈ​​​​ដែល​​​ភាសា​និង​អក្សរសាស្រ្ត​បរទេស​​កំពុង​ពេញនិយម​​​ និង​បច្ចេកវិទ្យា​ទំនើប​ចូលមកដល់។ នាងខ្ញុំមិនមែនមានន័យថាមិនឲយើងលើកតម្កើនជាតិសាស្រ្ដគេទេ ប៉ុន្ដែយើងគួរតែលើកតម្កើនជាតិសាស្រ្ដបន្ថែម ដូច​​​​ពាក្យ​ស្លោក​ខ្មែរ​​មួយ​ឃ្លា​បាន​​ពោល​​ថា៖ «វប្បធម៌​រលត់ ជាតិ​រលាយ​ វប្បធម៌​​​ពណ្ណរាយ​ ជាតិ​ថ្កើងថ្កាន»។ សោភ័ណពន្យល់អ្នកកំលោះវិសាលយ៉ាងលំអិតលំអង់ដោយសម្ដីផ្អែមស្រទន់របស់នាង ។ លុះចប់សព្វគ្រប់ហើយសោភ័ណក៏លាអ្នកកំលោះដើម្បីត្រលប់មកទីលំនៅខ្លួនវិញ ។ ក្រឡេកទៅមើលវិសាលនោះវិញចិត្តទោម្នេញក៏មិនចង់លាចម្ប៉ាបាត់ដំបងនេះដែរ តែបើពួកគេទាំងពីរមានវាសនា សង្ឃឹមថាវិសាលនិងសោភ័ណបានជួបគ្នាម្ដងទៀតចុះ ។ អ្នកកំលោះមួយនេះក៏មិនភ្លេចសម្ដីដែលសោភ័ណបានបរិយាយដែរ វិសាលតាំងចិត្តថាពេលត្រឡប់ទៅភ្នំពេញវិញ គេនឹងខិតខំរៀនសូត្រ ដើម្បីជួយលើកស្ទួយវិស័យអក្សរសាស្រ្តខ្មែរ​។

ពេលព្រះអាទិត្យអស្ដង្គត ពន្លឺពណ៌មាសភ្លឺ​ចាំង​រស្មី​ផ្លេក​ៗទៅលើសម្បុរស្រអែមរបស់សោភ័ណធ្វើឲនាងរឹតតែស្អាតក្រៃលែង។​ ខ្យល់ត្រជាក់ខែវស្សាបក់រំភើយៗ ធ្វើឲសក់នារីក្រមុំនេះបក់រវេចៗ ។ នាងគិតក្នុងចិត្តថា នាងនឹងតស៊ូក្នុងជីវិតជាមួយអ្វីដែលនាងមានដើម្បីជួយអភិរក្សអក្សរសាស្រ្ដខ្មែរ ហើយនាងនឹងខំប្រឹងក្រេមចំណេះវិជ្ជាដើម្បីជួយជីវិតខ្លួននឹងជីដូនថ្ងៃមុខតទៅទៀត ។

ចប់ដោយបរិបូណ៍

Leave a Reply

Your email address will not be published. Required fields are marked *